អំពីយើង

អំពីយើង 

តើតស់តេស្តប្រើដូចម្តេច?

តស់តេស្តគឺជាគេហទំព័រមួយដែលអនុញ្ញាតឱ្យអ្នកធ្វើការណាត់ជួបដើម្បីទទួលសេវាសុខភាពនៅក្នុងប្រទេសកម្ពុជាដើម្បីឱ្យអ្នកអាចរស់នៅប្រកបដោយសុខភាពល្អ!តើអ្នកមិនប្រាកដថាសេវាណាមួយដែលសមស្របសម្រាប់អ្នកមែនទេ?អ្នកអាចធ្វើការវាយតម្លៃកម្រិតប្រឈមរបស់អ្នកតាមរយៈការឆ្លើយ សំណួរងាយៗ ប្រព័ន្ធនេះនឹងណែនាំសេវាដែលសមស្របតាមតម្រូវការរបស់អ្នក។ បន្ទាប់ពីអ្នកកក់ការណាត់ជួបរួចហើយសូមកត់ត្រាទុកព័ត៌មានអំពីការណាត់ជួបរបស់អ្នក ហើយមកគ្លីនិកតាមថ្ងៃខែឆ្នាំនិងពេលវេលាដែលអ្នកបានកំណត់ទុក ដើម្បីឱ្យអ្នកទទួលបានសេវានិងការប្រឹក្សាពីជំហានបន្ទាប់ពីគ្រូពេទ្យ។

សេវារបស់យើង

សេវាធ្វើតេស្ត៖

  • ការធ្វើតេស្តរកមេរោគអេដស៍នៅគ្លីនិក៖ សូមអញ្ជើញមកគ្លីនិកដើម្បីធ្វើតេស្តរកមេរោគអេដស៍(តេស្តជំនាន់ទី៣ ដែលមានរយៈពេលចំហ ៣ ខែ)។
  • ការធ្វើតេស្តរកមេរោគអេដស៍លក្ខណៈចល័ត៖ រៀបចំការណាត់ជួបតាមទូរស័ព្ទសម្រាប់ឱ្យអ្នកអប់រំសហគមន៍ទៅជួបអ្នកផ្ទាល់និងធ្វើតេស្តរកមេរោគអេដស៍នៅទីតាំងណាមួយដែលអ្នកបានកំណត់ (តេស្តជំនាន់ទី៣ ដែលមានរយៈពេលចំហ ៣ ខែ) ។
  • ការធ្វើតេស្ដរកមេរោគអេដស៍ដោយខ្លួនឯង៖ ជ្រើសរើសយកតេស្តរហ័សឬតេស្តវត្ថុរាវក្នុងមាត់សាមញ្ញដែលអ្នកអាចយកទៅផ្ទះសម្រាប់ធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯងបាន។បើលទ្ធផលតេស្តដោយខ្លួនឯងមានលទ្ធផលប្រតិកម្ម អ្នកនឹងត្រូវធ្វើតេស្តបញ្ជាក់នៅឯគ្លីនិក។ (ជម្រើសតេស្តទាំងពីរ ជាតេស្តជំនាន់ទី៣ ដែលមានរយៈពេលចំហ ៣ ខែ។)
  • ការធ្វើតេស្ដជំងឺកាមរោគ៖ មកគ្លីនិកពិគ្រោះជាមួយគ្រូពេទ្យអំពីរោគសញ្ញាដើម្បីធ្វើរោគវិនិច្ឆ័យទាក់ទងនឹងការឆ្លងជំងឺកាមរោគ។

 

សេវាព្យាបាល៖

  • ការព្យាបាលមេរោគអេដស៍៖ សម្រាប់អ្នករស់នៅជាមួយមេរោគអេដស៍ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គឺការលេបថ្នាំតែមួយគ្រាប់ជាប្រចាំថ្ងៃដើម្បីបង្ក្រាបមេរោគអេដស៍នៅក្នុងខ្លួននិងដើម្បីឱ្យពួកគេអាចរស់នៅដោយមានសុខភាពធម្មតា និងអាចបង្ការការឆ្លងទៅអ្នកដទៃ។
  • ការព្យាបាលជំងឺកាមរោគ៖ ពិគ្រោះជាមួយគ្រូពេទ្យនៅគ្លីនិកដើម្បីធ្វើរោគវិនិច្ឆ័យជំងឺកាមរោគឱ្យបានត្រឹមត្រូវនិងទទួលបានវេជ្ជបញ្ជាសម្រាប់ការព្យាបាល។

 

សេវាបង្ការនិងសេវាផ្សេងទៀត៖

  • សេវាប្រឹព(PrEP)៖ សម្រាប់អ្នកដែលទទួលបានលទ្ធផលតេស្តមេរោគអេដស៍អវិជ្ជមាន សេវាបង្ការជាមុន ពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ប្រឹព(PrEP)គឺជាការប្រើថ្នាំមួយថ្ងៃមួយគ្រាប់ដែលមានប្រសិទ្ធភាពខ្ពស់ការពារពួកគេពីការឆ្លងមេរោគអេដស៍។
  • សេវាប៉ឹព(PEP)៖ ចំពោះអ្នកដែលទំនងជាបានប៉ះពាល់នឹងមេរោគអេដស៍(នៅក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ) សេវាបង្ការក្រោយពេលប្រឈមនឹងមេរោគអេដស៍ (PEP) មានផ្តល់ជូនសម្រាប់ការពារកុំឱ្យឆ្លងមេរោគអេដស៍។
  • ការផ្តល់ប្រឹក្សា៖ ពិភាក្សាអនឡាញ ឬនៅគ្លីនិកជាមួយអ្នកផ្តល់ប្រឹក្សាដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ អំពីសុខភាពផ្លូវភេទនិងតម្រូវការសេវារបស់អ្នក។
  • ការព្យាបាលដោយអ័រម៉ូន៖ សម្រាប់អ្នកប្លែងភេទអាចពិគ្រោះជាមួយគ្រូពេទ្យដោយឥតគិតថ្លៃអំពីចំណង់ចំណូលចិត្តឬតម្រូវការសម្រាប់ការព្យាបាលដោយអ័រម៉ូននិងទទួលការគាំទ្រសម្រាប់ការព្យាបាល (សេវាបង់ថ្លៃ) ។

គោលនយោបាយស្តីពីភាពជាឯកជន និងការប្រើប្រាស់ទិន្នន័យ

ការសម្ងាត់របស់អតិថិជនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រព័ន្ធតស់តេស្ត ។ បុគ្គលិកគ្រប់គ្រង អ្នកអប់រំនៅសហគមន៍ និងអ្នកផ្តល់ប្រឹក្សារបស់យើងដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ផ្តល់ការគាំទ្រដល់អតិថិជនយ៉ាងយកចិត្តទុកដាក់ និងគ្រប់គ្រងព័ត៌មានរបស់ពួកគេដោយសុវត្ថិភាព។ ដៃគូគ្លីនិករបស់យើង ក៏ត្រូវបានទទួលស្គាល់គុណភាពដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាលហើយអនុវត្តតាមមគ្គុទ្ទេសជាតិស្តីពីព័ត៌មានសុខភាពយ៉ាងជាប់លាប់។

នៅពេលដែលអ្នកប្រើ តស់តេស្ត អ្នកអាចផ្តល់ព័ត៌មានខ្លះដល់យើង ដើម្បីយើងអាចជួយអ្នកកំណត់ពីតម្រូវការសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពផ្សេងទៀតព្រមទាំងកក់សេវានៅគ្លីនិកដៃគូរបស់យើង។ ស្វែងយល់បន្ថែមអំពីវិធីការពារនិងប្រើប្រាស់ទិន្នន័យនេះដូចខាងក្រោម។

  • វាយតម្លៃតម្រូវការសុខភាពផ្លូវភេទរបស់អ្នកជាមួយតស់តេស្ត៖ ចម្លើយជាលក្ខណៈបុគ្គលរបស់អ្នកក្នុងការវាយតម្លៃកម្រិតប្រឈមនេះត្រូវបានរក្សាទុកជាការសម្ងាត់ហើយមិនត្រូវបានចែករំលែកជាមួយបុគ្គលិកដែលផ្តល់សេវាគាំទ្រដល់អតិថិជនរបស់យើងនោះទេហើយទិន្នន័យក៏នឹងមិនចែករំលែកជាមួយគ្លីនិកដែរ។យើងមិនប្រមូលព័ត៌មានអត្តសញ្ញាណណាមួយនៅក្នុងការវាយតម្លៃកម្រិតប្រឈមនេះទេ ដូច្នេះទន្និន័យត្រូវបានរក្សាទុកជាការសម្ងាត់បំផុត។ ប្រើការវាយតម្លៃកម្រិតប្រឈមនេះដើម្បីទទួលបានការណែនាំអំពីសេវាសុខភាពផ្លូវភេទដែលត្រូវនឹងតម្រូវការរបស់អ្នក។ការវាយតម្លៃនេះនឹងសួរសំណួរមួយចំនួនអំពីប្រវត្តិនៃការធ្វើតេស្តរកមេរោគអេដស៍ ស្ថានភាពមេរោអេដស៍បច្ចុប្បន្នរបស់អ្នក និងកត្តាជាច្រើនទៀតដែលអាចប៉ះពាល់ដល់តម្រូវការសុខភាពផ្លូវភេទរបស់អ្នក ដូចជា អត្តសញ្ញាណភេទ ជីវិតផ្លូវភេទ និងកត្តាប្រឈមមេរោគអេដស៍មួយចំនួន។ចម្លើយទាំងអស់ត្រូវបានរក្សាទុកជាការសម្ងាត់ហើយទិន្នន័យសង្ខេបអាចត្រូវបានប្រើប្រាស់ដើម្បីធានាថាសេវារបស់យើងបានទៅដល់ក្រុមគោលដៅទាំងអស់និងជួយធ្វើឱ្យសកម្មភាពអប់រំនៅសហគមន៍ និងការផ្តល់សេវារបស់យើងមានភាពប្រសើរឡើង។
  • សេវាកក់ការណាត់ជួបតាមតស់តេស្ត៖ ដើម្បីកក់ការណាត់ជួប អ្នកត្រូវប្រាប់ឈ្មោះពិតរបស់អ្នក (ឬឈ្មោះហៅក្រៅណាមួយ)លេខទូរស័ព្ទអ្នកដែលត្រឹមត្រូវហើយបន្ទាប់មកជ្រើសរើសយកសេវាដែលអ្នកចង់បានសម្រាប់ការណាត់ជួបរបស់អ្នក។ប្រសិនបើអ្នករំលងការវាយតម្លៃកម្រិតប្រឈមនេះ យើងនឹងសួរអ្នកនូវសំណួរមួយចំនួនទៀត ដូចជាអាយុរបស់អ្នក និងព័ត៌មានថាតើអ្នកជាសមាជិកនៃក្រុមប្រជាជនដែលមិនបានទទួលសេវាគ្រប់គ្រាន់។ តស់តេស្ត តម្រូវឱ្យអតិថិជនម្នាក់ៗផ្តល់លេខទូរស័ព្ទត្រឹមត្រូវដើម្បីធ្វើការណាត់ជួប ពីព្រោះបុគ្គលិករបស់យើងនឹងធ្វើការទាក់ទងអតិថិជនតាមលេខទូរស័ព្ទរបស់ពួកគេដើម្បីផ្តល់សេវាគាំទ្របន្តនានាដែលចាំបាច់ ដូចជា ការបញ្ជូនទៅរកសេវាព្យាបាលជាដើម។
  • តើព័ត៌មានអ្វីខ្លះដែលតស់តេស្តចែករំលែកជាមួយគ្លីនិក? តស់តេស្ត ចែករំលែកព័ត៌មានខ្លះជាមួយអ្នកផ្តល់សេវានៅគ្លីនិកដើម្បីជួយសម្រួលដល់ការណាត់ជួបរបស់អ្នក។ទាំងនេះរួមមានព័ត៌មានដែលអ្នកផ្តល់ឱ្យនៅពេលអ្នកធ្វើការណាត់ជួបតាម តស់តេស្ត ដូចជាឈ្មោះពិតឬឈ្មោះហៅក្រៅរបស់អ្នក លេខទូរស័ព្ទ សេវាដែលអ្នកបានស្នើសុំនិងកាលបរិច្ឆេទនៃការណាត់ជួប។ បុគ្គលិកគ្លីនិកប្រើទិន្នន័យនេះដើម្បីបញ្ជាក់ពីការណាត់ជួបរបស់អ្នក និងផ្ទៀងផ្ទាត់នៅពេលអ្នកទៅដល់គ្លីនិក។ចម្លើយរបស់អ្នកនៅក្នុងការវាយតម្លៃកម្រិតប្រឈមមិនត្រូវបានចែករំលែកជាមួយគ្លីនិកឡើយ។
  • តើគ្លីនិកចែករំលែកព័ត៌មានអ្វីខ្លះជាមួយតស់តេស្ត? តស់តេស្តនិងគ្លីនិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកទិន្នន័យមួយដើម្បីអនុញ្ញាតឱ្យគ្លីនិករាយការណ៍ពីពេលវេលាដែលអតិថិជនមកទទួលតាមការណាត់ជួប សេវាដែលផ្តល់ជូនអតិថិជនក្នុងអំឡុងពេលណាត់ជួប និងលទ្ធផលតេស្តរោគវិនិច្ឆ័យដែលពាក់ព័ន្ធ។រាល់របាយការណ៍ទាំងអស់ត្រូវបានបំពេញលើប្រព័ន្ធមានសុវត្ថិភាពខ្ពស់និងដែលការពារដោយលេខសម្ងាត់ហើយអាចចូលប្រើបានដោយអ្នកគ្រប់គ្រងទិន្នន័យតែប៉ុណ្ណោះក្នុងការងាររាយការណ៍និងកែលម្អសេវារបស់យើង។ តស់តេស្ត នឹងជូនដំណឹងដល់បុគ្គលិកសេវាអតិថិជននៅពេលដែលអតិថិជនទៅដល់គ្លីនិកដូច្នេះពួកគេអាចធ្វើការហៅទូរស័ព្ទទាក់ទងអតិថិជនបន្តនៅពេលក្រោយ ប៉ុន្តែពួកគេនឹងមិនដឹងពីលទ្ធផលតេស្តរបស់អតិថិជនឬសេវាផ្សេងៗទៀតដែលអតិថិជនមកទទួលនៅគ្លីនិកនោះទេ។
  • កិច្ចការពារសុវត្ថិភាពបន្ថែម៖ តស់តេស្តប្រើវិធានការសុវត្ថិភាពមួយចំនួនដើម្បីការពារអតិថិជននិងទិន្នន័យរបស់គាត់ដែលបានរក្សាទុកនៅក្នុងប្រព័ន្ធ រួមទាំងការប្រើប្រាស់ប្រព័ន្ធ SQL, encrypted server, និង logins ដែលការពារដោយលេខសម្ងាត់។

ប្រវត្តិរបស់យើង

តស់តេស្ត ត្រូវបានបង្កើតឡើងដោយមានការគាំទ្រដោយសប្បុរសពីប្រជាជនអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID)និងផែនការបន្ទាន់សម្រាប់សង្គ្រោះទាក់ទងនឹងជំងឺអេដស៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក (PEPFAR)។រាល់ខ្លឹមសារព័ត៌មានទាំងអស់គឺជាការទទួលខុសត្រូវរបស់ តស់តេស្តនិងមិនសុទ្ធតែឆ្លុះបញ្ចាំងពីទស្សនៈរបស់ទីភ្នាក់ងារ USAID  PEPFAR ឬរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។ថវិកាសម្រាប់ដំណើរការតស់តេស្ត ត្រូវបានផ្តល់តាមរយៈគម្រោងលីងឃេជីស (LINKAGES)ដែលមានគោលបំណងពង្រឹងការងារល្បាក់សេវាបង្ការ និងការថែទាំតាមរយៈវិធីសាស្ត្រពហុភាគីពាក់ព័ន្ធនិង អតិថិជនជាគោល ដោយបង្កើនការគ្របដណ្តប់ដល់ក្រុមគោលដៅដែលប្រឈមមុខខ្លាំងបំផុតទៅនឹងការឆ្លងឬការចម្លងមេរោគអេដស៍ លើកកម្ពស់សេវាធ្វើតេស្តជាប្រចាំនិងចុះឈ្មោះអ្នករស់នៅជាមួយមេរោគអេដស៍ទៅក្នុងសេវាថែទាំ និងធ្វើការគាំទ្រជួយពួកគេឱ្យស្ថិតនៅក្នុងការថែទាំ។ គម្រោង LINKAGESដឹកនាំដោយអង្គការ FHI 360 ដែលជាអង្គការមិនគិតកម្រៃអន្តរជាតិនិងមានការិយាល័យក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ តស់តេស្តត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគនៃក្រសួងសុខាភិបាល ហើយកំពុងដំណើរការនៅក្នុងខេត្តក្រុងចំនួន៧រួមមាន ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ តាកែវ និងព្រះសីហនុ។

ទាក់ទងយើងខ្ញុំ

តើអ្នកមានសំណួរមែនទេចាប់ផ្តើមកិច្ចសន្ទនាអនឡាញ (chat) ជាមួយអ្នកផ្តល់ប្រឹក្សាដែលបានទទួលការបណ្តុះបណ្តាលរបស់យើង ដោយចុចលើតំណភ្ជាប់ដូចខាងក្រោម៖

ហ្វេសប៊ុកការពារខ្លួនអ្នក: https://www.facebook.com/kapeakh 

តេឡេក្រាមការពារខ្លួនអ្នក: https://t.me/kapeakh